Comments

ស្វែងយល់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​កូនបំណុល​ក្នុងការ​ធ្វើ​ហ៊ី​ប៉ូ​តែ​កលើ​ប្លង់រឹង

បច្ចុប្បន្ន​គេ​សង្កេតឃើញថា ការយក​ប្លង់រឹង​ទៅ​ធានា​លើ​បំណុល​ខ្លួន ឬ​បំណុល​របស់​តតិយជន​ជាមួយ​ធនាគារ​បាន​កើតមានឡើង​យ៉ាងច្រើន សកម្មភាព​នេះ​គេ​គិតថា ម្ចាស់​អចលនទ្រព្យ​ទាំងនោះ​ហាក់​ពុំបាន​ប្រើប្រាស់​អស់​តម្លៃ​សេដ្ឋកិច្ច​នៃ​អចលនទ្រព្យ​ខ្លួន​ឡើយ ដូច្នេះ​វា​ជាការ​ខាតបង់​ដ៏​ធំ​សម្រាប់​ម្ចាស់​អចលនទ្រព្យ។
នៅក្នុង​លេខ51 នេះ​អ្នកយកព័ត៌មាន​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ លោក ផង់ វិចិត្រ​ដែលជា​សារការី​នៃ​មន្ទីរ​សារការី​មេគង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ហ៊ី​ប៉ូ​តែ​កលើ​ប្លង់រឹង​ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន​ឱ្យបាន​យល់ច្បាស់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​កូនបំណុល និង​ម្ចាស់បំណុល។
ដូចម្ដេច​ហៅថា ហ៊ី​ប៉ូ​តែ​ក (Hypothec)?
ហ៊ី​ប៉ូ​តែ​ក មានន័យថា ជា​កិច្ចសន្យា​កើតឡើង​រវាង​អ្នកបង្កើត​ហ៊ី​ប៉ូ​តែ​ក (កូនបំណុល ឬ​តតិយជន)និង​ម្ចាស់បំណុល​តាមរយៈ​ការយក​អចលនវត្ថុ ឬ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ឬ​ផលុបភោគ មក​ដាក់​ដើម្បី​ធានា​បំណុល​បាន​ដោយ​មិន​ផ្ទេរ​ការកាន់កាប់​វត្ថុ​នោះ។ជាទូទៅ​កិច្ចសន្យា​នេះ​អាច​បង្កើតឡើង​ដោយ​កូនបំណុល​ផ្ទាល់​ខ្លួនឯង​ជា​អ្នកយក​អចលនវត្ថុ​ដាក់​ធានា​លើ​បំណុល​ខ្លួន​នៅពេល​ខ្លួន​ទៅ​ខ្ចីប្រាក់​ពីធនាគារ ឬ​ពី​ម្ចាស់បំណុល​ណា​ម្នាក់។ កិច្ចសន្យា​នេះ​ក៏​អាច​បង្កើតឡើង​ដោយ​តតិយជន(ជន​ទី​បី)ដូចជា​ឪពុកម្ដាយ បងប្អូន មិ​ត្ដ​ភក្ដិ​របស់​កូនបំណុល​ជាដើម​ដោយ​តតិយជន​នោះ​យក​អចលនទ្រព្យ​របស់ខ្លួន​មក​ដាក់​ធានា​លើ​បំណុល ឬ​កម្ចី​របស់​កូនបំណុល។
តើ​កូនបំណុល​គួរតែមាន​ទ្រព្យ​ប្រភេទ​ណា​ដើម្បី​យកមក​ដាក់​ធានា​លើ​បំណុល​ខ្លួន?
ក្នុង​បង្កើត​ហ៊ី​ប៉ូ​តែ​ក ច្បាប់​បានកំណត់​យ៉ាងច្បាស់​ក្នុង​ការយក​ទ្រព្យ​មក​ដាក់​ធានា​លើ​បំណុល ស្របតាម​ក្រមរដ្ឋប្បវេណី និង​ច្បាប់​អនុវត្ត​ក្រមរដ្ឋប្បវេណី​ថា ទ្រព្យ​ដែលជា​កម្មវត្ថុ​ដែល​ត្រូវ​យកមក​ដាក់​ហ៊ី​ប៉ូ​តែ​ក​ធានា​លើ​បំណុល​មាន​បី គឺ​អចលនវត្ថុ សិទ្ធិ​ជួល​អចិន្ដ្រៃយ៍ និង​ផលុបភោគ។ សិទ្ធិ​ជួល​អចិន្ដ្រៃយ៍​ជា កិច្ចសន្យាជួល​អចលន​វត្ថុ​ដែល​បង្កើតឡើង​រវាង​អ្នក​ជួល​អចិន្ត្រៃយ៍ និង​អ្នកទទួល​ជួល​អចិន្ត្រៃយ៍ សម្រាប់​រយៈពេល​ចាប់ពី15 ឆ្នាំ​ឡើង អាច​រហូតដល់50 ឆ្នាំ។ រីឯ​ផលុបភោគ មានន័យថា សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​អចលនវត្ថុ ដែលជា​កម្មសិទ្ធិ​អ្នកដទៃ ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចសន្យា​មាន​រយៈពេល​កំណត់​ណាមួយ ដែល​មិនឱ្យ​លើសពី​មួយជីវិតរ​បស់​ផលុបភោគី។ ដូច្នេះ​អ្នកបង្កើត​ហ៊ី​ប៉ូ​តែ​ក អាច​យក​កម្មវត្ថុ​ណាមួយ​ក្នុងចំណោម​ទ្រព្យ​ទាំងបី​ប្រភេទ​នេះ​យកទៅដាក់​ធានា​បំណុល​ខ្លួន​ក្រោមរូបភាព​ជា​កិច្ចសន្យា​ហ៊ី​ប៉ូ​តែ​ក។
តើ​កូនបំណុល​អាចធ្វើ​ហ៊ី​ប៉ូ​តែ​ក​ទៅលើ​ប្លង់ដី​ប្រភេទ​ណាខ្លះ?
ជាទូទៅ​កូនបំណុល​អាចធ្វើ​ហ៊ី​ប៉ូ​តែ​ក​ទៅលើ​អចលនវត្ថុ​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (ការអនុវត្ត​ហៅថា​ប្លង់រឹង)។ នៅ​ក្នុងករណី​អនុវត្តន៍​គេ​ឃើញ​មាន​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ទទួលយក​អចលនវត្ថុ​ដែល​មិនទាន់បាន​ចុះបញ្ជី ប៉ុន្តែ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន(មេឃុំ/ចៅសង្កាត់ និង/ឬ​ស្រុក/ខណ្ឌ/ក្រុង) ដែល​ការអនុវត្ត​ជាក់ស្តែង​ហៅថា ប្លង់​ទន់ យកមក​ធ្វើជា​កម្មវត្ថុ​ធានា​បំណុល​ក្រោមរូបភាព​ជា​ហ៊ី​ប៉ូ​តែ​ក ហើយស្នើសុំ​ឱ្យមាន​ការទទួល​ស្គាល់​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន ដោយ​មិនមាន​ការចុះបញ្ជី​ដាក់បន្ទុក​នៅ​អង្គភាព​សុរិយោដី​ដែលមាន​សមត្ថកិច្ច​ទេ។ បច្ចុប្បន្ននេះ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬក៏​ការផ្ដល់​កម្ចីផ្សេងៗ គឺ​ផ្ដោត​ជា​ចម្បង​លើ​ការធ្វើ​ហ៊ី​ប៉ូ​តែ​កលើ​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​មក​ដាក់​ធានា ជាជាង​សិទ្ធិ​ជួល​អចិន្ដ្រៃយ៍ និង​ផលុបភោគ។ ការយក​អចលនវត្ថុ​មក​ដាក់​ធានា​បំណុល អាចជា​ប​ណ្ណ័​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្នាក់​រាជធានី​ខេត្ត។ តាមច្បាប់​ហ៊ី​ប៉ូ​តែ​ក អាច​ត្រូវ​បង្កើតឡើង​ដោយ​កិច្ចសន្យា​ហ៊ី​ប៉ូ​តែ​ក​ជា​លិខិត​លាយលក្ខណ៍អក្សរ​ក៏បាន ឬ​ផ្ទាល់មាត់​ក៏បាន ប៉ុន្ដែ​ដើម្បី​ចុះបញ្ជី​ហ៊ី​ប៉ូ​តែ​ក​ដាក់បន្ទុក​នៅ​អង្គភាព​សុរិយោដី​ដែលមាន​សមត្ថកិច្ច កិច្ចសន្យា​ហ៊ី​ប៉ូ​តែ​ក​ត្រូវតែ​ធ្វើ​ឡើងជា​លិខិតយថាភូត ជាពិសេស​ដោយសារ​ការី។ អ្វីដែល​សំខាន់​នៃ​សិទ្ធិ​របស់​ម្ចាស់បំណុល​ហ៊ី​ប៉ូ​តែ​ក គឺ​សិទ្ធិ​តតាំង​នឹង​តតិយជន​ក្រៅពី​កូនបំណុល​របស់ខ្លួន ឬ​តតិយជន​ដែល​បានដាក់​ទ្រព្យ​ខ្លួន​ធានា​បំណុល​របស់​កូនបំណុល មានន័យថា បើ​យើង​បង្កើត​ហ៊ី​ប៉ូ​តែ​ក មិនបាន​ធ្វើជា​លិខិតយថាភូត និង​មិនបាន​ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី​ដែលមាន​សមត្ថកិច្ច​ទេ ម្ចាស់បំណុល​ហ៊ី​ប៉ូ​តែ​ក​ពុំ​អាច​យក​សិទ្ធិ​នេះ​ទៅ​តតាំង​ជាមួយ​តតិយជន​បានឡើយ។
តើ​អី្វ​ជា​លិខិតយថាភូត?
លិខិតយថាភូត គឺជា​លិខិត​ដែល​ធ្វើឡើង​តាម​រូបមន្ដ​ច្បាស់លាស់ ធ្វើឡើង​ដោយ​មន្ដ្រី​សាធារណៈ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រតិ​ប​ត្ដិ​មុខងារ​នោះ​ដោយ​ច្បាប់ ឬ​ដោយ​លិខិតបទដ្ឋាន​គតិយុត្ត។ តាមន័យ​ចង្អៀត លិខិតយថាភូត គឺជា​លិខិត​ទាំងឡាយ​ដែល​រៀបចំឡើង​ដោយសារ​ការី។
តើ​កូនបំណុល​អាចធ្វើ​ហ៊ី​ប៉ូ​តែ​កលើ​ប្លង់រឹង​បាន​ប៉ុន្មាន​ដង?
និយាយ​ដោយ​សាមញ្ញ កូនបំណុល​អាចធ្វើ​ហ៊ី​ប៉ូ​តែ​កលើ​ប្លង់រឹង​របស់ខ្លួន​បាន​ច្រើនដង និង​ធ្វើ​ជាមួយ​ម្ចាស់បំណុល​ច្រើន​នាក់ផ្សេងៗគ្នា​បាន។ តាម​គោលបំណង​នៃ​ការបង្កើត​សញ្ញាណ​នៃ​ហ៊ី​ប៉ូ​តែ​ក​ក្នុង​ច្បាប់​កូនបំណុល​ត្រូវបាន​ផ្តល់​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ទ្រព្យ​ដាក់​ធានា​របស់ខ្លួន​ឱ្យអស់​តម្លៃ​សេដ្ឋកិច្ច​នៃ​អចលនវត្ថុ​នោះ។ ឧ​ទារ​ហណ៍៖ កូនបំណុល​មាន​ដី​មួយកន្លែង​មានតម្លៃ​ប្រហែល20ម៉ឺន​ដុល្លារ គាត់​ចង់​ខ្ចីលុយ​ពី​ធនាគារ ដោយ​ប្រើ​ឱ្យអស់​តម្លៃ​អចលនវត្ថុ​នោះ ប៉ុន្ដែ​ធនាគារ(ក) ឱ្យ​កូនបំណុល​ខ្ចី​តែ8 ម៉ឺន​ដុល្លារ​ទេ ដូចនេះ​កូនបំណុល​ពុំទាន់​ប្រើប្រាស់​អស់​តម្លៃសេដ្ឋកិច្ច​នៃ​អចលនវត្ថុ​ខ្លួន​ទេ ហើយ​ការធ្វើ​ហ៊ី​ប៉ូ​តែ​ក​ទុក​សិទ្ធិ​ឱ្យ​គាត់​អាច​ទៅ​ខ្ចី​ពី​ធនាគារ(ខ) បន្ថែមទៀត​តាមរយៈ​ការធ្វើ​ហ៊ី​ប៉ូ​តែ​ក​ដដែល ក្នុង​រង្វង់​តម្លៃ​ណាមួយ​ដែល​ម្ចាស់បំណុល​ទី​ពីរ​នេះ អាច​ផ្ដល់​ឱ្យបាន​ដោយ​គិត​ទាំង​តម្លៃ​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ​ផ្សេងទៀត យកទៅ​ធៀប​ជាមួយនិង​តម្លៃ​សរុប​នៃ​អចលនវត្ថុ​ដែល​អាច​នៅសល់​ពី​កម្ចី​ទីមួយ​នោះ ហេតុដូច្នេះ​ធនាគារ(ខ) អាច​ក្លាយជា​ម្ចាស់បំណុល​ទី2 ហើយ​ត្រូវ​ធ្វើជា​លិខិតយថាភូត និង​ចុះបញ្ជី​ដូច​បញ្ជាក់ជូន​ខាងដើម។
បច្ចុប្បន្ន​ការផ្ដល់​កម្ចី​ភាគច្រើន​ធនាគារ​ទុក​ប្លង់រឹង​តើ​កូនបំណុល​ធ្វើ​ដូចម្ដេច​អាចធ្វើ​ហ៊ី​បូ​តែ​កបាន​ច្រើនដង?
ក្នុងករណី​ហ៊ី​ប៉ូ​តែ​ក ច្បាប់​ពុំបាន​ផ្តល់​សិទ្ធិ​ឱ្យ​ធនាគារ ឬ​ម្ចាស់បំណុល​ដែល​ផ្ដល់​កម្ចី​តម្រូវឱ្យ​អ្នកបង្កើត​ហ៊ី​ប៉ូ​តែ​ក​ផ្ទេរ​ការកាន់កាប់ និង​ប្រគល់​ប្លង់រឹង​របស់​អ្នកបង្កើត​ហ៊ី​ប៉ូ​តែ​ក​ទៅឱ្យ​ខ្លួន​នោះទេ ប៉ុន្ដែ​ជាការ​អនុវត្ត​ម្ចាស់បំណុល​អាចធ្វើ​លិខិត​យ​ល់​ព្រម​ប្រគល់ ឬ ផ្ញើ​ប្លង់រឹង​របស់​កូនបំណុល​ទុក​នៅ​ធនាគារ​ឬ​ម្ចាស់បំណុល​រហូតដល់​សង​បំណុល​រួច ឬ​ដល់ពេល​កំណត់​ណាមួយ។ ប្រសិនបើ​កូនបំណុល​ចង់បាន​ប្លង់រឹង​របស់ខ្លួន​វិញ​នោះ ធនាគារ ឬ​ម្ចាស់បំណុល​ត្រូវតែ​ប្រគល់​ប្លង់រឹង​នោះ​ទៅឱ្យ​កូនបំណុល ឬ​អ្នកបង្កើត​ហ៊ី​ប៉ូ​តែ​ក​វិញ​បាន​គ្រប់ពេលវេលា។ នៅពេល​ធ្វើ​ហ៊ី​ប៉ូ​តែ​ក កូនបំណុល​បាន​យក​ប្លង់រឹង​មក​ដាក់​ធានា​លើ​បំណុល​ខ្លួន ម្ចាស់បំណុល​អាច​យក​ប្លង់រឹង​នោះ​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទៅ​អង្គភាព​សុរិយោដី​ដែលមាន​សមត្ថកិច្ច​នៅ​ទីតាំង​ដែល​អចលនវត្ថុ​ស្ថិតនៅ ដើម្បី​ចុះបញ្ជី​ដាក់បន្ទុក​ជា​ហ៊ី​ប៉ូ​តែ​កដោយ​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់ និង​ដើម្បី​អាច​សម្គាល់​ពី​លំដាប់​ហ៊ី​ប៉ូ​តែ​ករ​បស់​ម្ចាស់បំណុល ក្នុងករណី​មាន​ម្ចាស់បំណុល​ច្រើន​នាក់ ដែល​ការចុះបញ្ជី​ដាក់បន្ទុក​នេះ​អាច​ធានា​សិទ្ធិ​អាទិភាព​របស់​ម្ចាស់បំណុល​ក្នុងករណី​កូនបំណុល​មិនមាន​លទ្ធភាព​សង​កម្ចី តាមរយៈ​នីតិវិធី​នៃ​ការលក់​ដោយ​បង្ខំ (លក់​ឡាយឡុង) នូវ​ទ្រព្យ​របស់​កូនបំណុល​ដើម្បី​សង​ទៅ​ម្ចាស់បំណុល​តាម​លំដាប់​នៃ​ម្ចាស់បំណុល​ហ៊ី​ប៉ូ​តែ​ក ដោយ​ផ្អែក​តាម​កាលបរិច្ឆេទ​នៃ​ការចុះបញ្ជី​បង្កើត​ហ៊ី​ប៉ូ​តែ​ក​នេះ។
តើ​លំដាប់​ម្ចាស់បំណុល​គេ​គិត​ដូចម្ដេច?
ម្ចាស់បំណុល​ដែលមាន​អាទិភាព​ទទួលបាន​ការ​សងបំណុល​មុនគេ​ក្នុងករណី​ដែលមាន​ម្ចាស់បំណុល​ច្រើន​នាក់ គឺ​ត្រូវ​គិត​ទៅលើ​កាលបរិច្ឆេទ​នៃ​ការចុះបញ្ជី​ដាក់បន្ទុក​ហ៊ី​ប៉ូ​តែ​ក។ សិទ្ធិ​អាទិភាព​នៃ​ការសង​នេះ​មិនមែន​អាស្រ័យ​លើ​កាលបរិច្ឆេទ​នៃ​ការធ្វើ​ហ៊ី​ប៉ូ​តែ​ក​នោះទេ គឺ​ផ្អែកលើ​កាលបរិច្ឆេទ​នៃ​ការចុះបញ្ជី​ហ៊ី​ប៉ូ​តែ។ នេះ​មានន័យថា ម្ចាស់បំណុល​ណា​ដែលជា​អ្នកស្នើសុំ​ចុះបញ្ជី​ដាក់បន្ទុក​បាន​មុន​គឺជា​អ្នកមាន​សិទ្ធិ​អាទិភាព​លំដាប់​ទី1។ វា​អាច​នឹង​កើតមាន​ដែរ ក្នុងករណី​ម្ចាស់បំណុល​នោះបាន​ធ្វើ​ហ៊ី​ប៉ូ​តែ​ក​មុនគេ ប៉ុន្ដែ​បែរជា​ទៅ​ចុះបញ្ជី​ដាក់បន្ទុក​ក្រោយ​ម្ចាស់បំណុល​ផ្សេងទៀត ដូច្នេះ​លំដាប់​អាទិភាព​នៃ​សិទ្ធិ​ទទួលបាន​ការសង​បំណុល​គឺអាច​ក្រោយ​គេ ដោយ​អាស្រ័យ​តាម​លំដាប់​នៃ​ការចុះបញ្ជី​ក្រោយ​នោះគេ​នោះដែរ។
តើ​កូនបំណុល​ត្រូវមាន​កាតព្វកិច្ច​អ្វីខ្លះ?
ជាទូទៅ​កូនបំណុល​មាន​កាតព្វកិច្ច​សងបំណុល​តាម​កាលបរិច្ឆេទ​ដែល​បាន​ព្រមព្រៀងគ្នា។ លើសពីនេះ កូនបំណុល​ត្រូវមាន​កាតព្វកិច្ច​សង​ទៅ​ម្ចាស់បំណុល ដែល​ការសង​ទៅ​ម្ចាស់បំណុល​នេះ​គឺ​អាស្រ័យ​តាម​ការកំណត់​ក្នុង​កិច្ចសន្យា​ខ្ចីប្រាក់ កិច្ចសន្យា​ឥណទាន ឬ​កិច្ចសន្យាខ្ចី​បរិភោគ ដើម្បី​រំលត់​ហ៊ី​ប៉ូ​តែ​ក ពីព្រោះ​ហ៊ី​ប៉ូ​តែ​ក ត្រូវ​រលត់​តាមរយៈ​រូបភាព​នៃ​ការសង​ជា​ប្រាក់ ឬ សង​ដោយ​វត្ថុ​ជំនួស និង​ការសង​របស់​តតិយជន ឬ​រលត់​ដោយ​អាជ្ញា​យុ​កាល។
ក្នុងករណី​កូនបំណុល​ពុំមាន​លទ្ធភាព​សង តើ​ច្បាប់​ត្រូវ​អនុវត្ដ​ន៍​បែបណា​ទៅលើ​កូនបំណុល?
កិច្ចសន្យា​ហ៊ី​ប៉ូ​តែ​ក​ដែលជា​ប្រាតិភោគ​ប្រត្យក្ស​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ធានា​ការ​អនុវត្ដ​កាតព្វកិច្ច​របស់​កូនបំណុល ហេតុដូច្នេះ ប្រសិនបើ​កូនបំណុល​មិន​អនុវត្ដ​ន៍ ឬ​ខកខាន​ក្នុងការ​អនុវត្ដ​កាតព្វកិច្ច​របស់ខ្លួន​នោះ ការចាត់ចែង​ទ្រព្យ​ដែលជា​កម្មវត្ថុ​នៃ​ហ៊ី​ប៉ូ​តែ​ក ត្រូវអនុវត្ត​តាម​នីតិ​វិធី​ច្បាប់​តម្រូវ ពោលគឺ​ត្រូវធ្វើ​ការលក់​ឡាយឡុង​តាមផ្លូវ​តុលាការ ឬ​គេ​ត្រូវ​ពិនិត្យមើល ថា​តើ​កិច្ចសន្យា​បង្កើត​ហ៊ី​ប៉ូ​តែ​ក​នោះ​ធ្វើ​ឡើ​តាម​រូបមន្ត​លិខិតយថាភូត​ដោយសារ​ការី ដែរ ឬទេ? បើ​កិច្ចសន្យា​បង្កើត​ហ៊ី​ប៉ូ​តែ​ក​នោះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​ការី ដែល​គោរព​តាម​លក្ខខណ្ឌ​ដូច​មានកំណត់​ក្នុង​កថាខណ្ឌ​ទី2 នៃ​មាត្រា496 នៃ​ក្រម​នីតិរដ្ឋ​ប្បវេណី​ដែល​បញ្ជាក់​ពី​អត្ថិភាព​នៃ​សិទ្ធិ​ប្រាតិភោគ​របស់​ម្ចាស់បំណុល នោះ​ម្ចាស់បំណុល​អាច​ស្នើសុំ​សារការី​ដែល​រក្សាទុក​ច្បាប់ដើម​នៃ​កិច្ចសន្យា​ហ៊ី​ប៉ូ​តែ​ក​ជា​លិខិតយថាភូត ឱ្យ​ផ្តល់​រូបមន្ត​អនុវត្តន៍​ឱ្យ​ខ្លួន​ព្រមទាំង​សេចក្តីចម្លង​យថាភូត​នៃ​កិច្ចសន្យា​បង្កើត​ហ៊ី​ប៉ូ​តែ​ក​ដែល​ត្រូវបាន​ចាត់ទុកថា​លិខិត​អនុវត្តន៍​នេះ រួច​ស្នើសុំ​ទៅ​ស្ថាប័ន​អនុវត្តន៍ ដើម្បី​ធ្វើការ​អនុវត្ត​ដោយ​បង្ខំ​បានភ្លាមៗតែម្តង​ដោយ​ពុំ​ចាំបាច់​ធ្វើបណ្តឹង​លើ​អង្គសេចក្តី​ទៅ​តុលាការ​ដើម្បី​ទទួលបាន​សាលក្រម ឬ​សាលដីកា ហើយ​រង់ចាំ​រហូតដល់​សាលក្រម ឬ​សាលដីកា​នោះ ចូល​ជា​ស្ថាពរ​ទេ។ ក្នុងករណី​ដែល​កិច្ចសន្យាខ្ចី​បរិភោគ​ឬ​កិច្ចសន្យា​បង្កើត​ហ៊ី​ប៉ូ​តែ​ក​ដែល​មិន​ធ្វើឡើង​ដោយសារ​ការី ឬ​ធ្វើ​ឡើងជា​លិខិតឯកជន មុននឹង​ស្នើសុំ​អនុវត្ដ​ន៍​ដោយ​បង្ខំ​លើ​ទ្រព្យ​ដែល​ដាក់​ហ៊ី​ប៉ូ​តែ​ក​ដើម្បី​ធានា​បំណុល​នោះបាន ម្ចាស់បំណុល​ហ៊ី​ប៉ូ​តែ​ក​ត្រូវ​ប្តឹងទៅ​តុលាការ​ដើម្បី​ទទួលបាន​សាលក្រម ឬ​សាលដីកា​រហូតដល់​សាលក្រម ឬ​សាលដីកា​នោះ​ចូល​ជា​ស្ថាពរ ទើប​អាច​ស្នើសុំ​អនុវត្តន៍​ដោយ​បង្ខំ​ទៅ​ស្ថាប័ន​អនុវត្តន៍​បាន៕

SHARE ON:

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.

    Blogger Comment

0 comments:

Post a Comment